សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា UI បានអញ្ជើញប្រគល់ជូនថវិកា២,៦០០,០០០រៀល និង២.៦៤០ដុល្លារ ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទីល្ងាច សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា UI បាននាំយកថវិកាចំនួន២,៦០០,០០០រៀល និង២,៦៤០ដុល្លារ រួមទាំងភេសជ្ជៈERAWAN ចំនួន១៧កេស ដែលទទួលបានពីសប្បុរជន និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា UI ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិទឹកជំនន់ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញផ្ដល់ជូននេះផងដែរ មានការចូលរួមពីគណៈគ្រប់គ្រង និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដោយមានវត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ រួមទាំងមន្ត្រីជាន់ខ្ពស់ខណ្ឌពោធិ៍សែនជ័យជាច្រើនរូបទៀត ក្នុងការទទួលយកថវិការ ដើម្បីទុកបម្រុងចែកជូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកដោយសារគ្រោះទឹកជំនន់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង លោកបានមានប្រសាសន៍ថា ក្នុងនាមលោកជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា លោកសូមថ្លែងអំណរអគុណជាអនេកកប្បការ ជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវបណ្ឌិតសភាចារ្យ សាស្រ្តាចារ្យបណ្ឌិត លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា UI ដើម្បីចូលរូមចំណែកជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់នាពេលនេះ ។
ជាចុងក្រោយសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង លោកសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឱ្យប្រជាពលរដ្ឋឆាប់រួចផុតពីគ្រោះទឹកជំនន់ដ៏អាអក្រក់នេះ និងទទួលបានសុខសុវត្តិភាពជានិរន្ត៕